Sunday, May 26, 2013

ប្រជាជនកម្ពុជាដែលនៅបរទេសបានផ្ញើរប្រាក់មកកាន់ប្រទេសកម្ពុជា ចំនួន២៥៦លានដុល្លារកាលពីឆ្នាំមុន

កាលពីឆ្នាំមុនកម្មករកម្ពុជា ដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស បានផ្ញើរប្រាក់មក កាន់ប្រទេសកម្ពុជាចំនួន ២៥៦លានដុល្លារ ស្មើនឹង១,៨ភាគរយនៃផលិតផលក្នុងស្រុកសរុប។ កម្មករ ទាំងនោះត្រូវចំណាយជាមធ្យម ៥,៥៩ភាគរយនៃប្រាក់ដែលផ្ញើរមកកម្ពុជាទៅលើតម្លៃសេវា។នេះបើយោងតាមរបាយការណ៍ពីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ដែលបាន ចេញផ្សាយនៅទីក្រុងបាងកកកាលពីម្សិលមិញ។របាយការណ៍ស្តីពីការផ្ញើរប្រាក់ទៅកាន់ស្រុកកំណើតនៅតំបន់អាស៊ីរបស់ធនាគារនិងមូលនិធិអន្តរជាតិសំរាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD)ដែលមានទីតាំងនៅទីក្រុងរ៉ូមបង្ហាញថា ប្រជាជនចំណាកស្រុកពីតំបន់អាស៊ី បានផ្ញើរប្រាក់ទៅកាន់ ស្រុកកំណើតសរុបចំនួន ២៦០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១២។ ប្រាក់ដែលផ្ញើរមកនេះគឺជា ប្រភពហិរញ្ញវត្ថុដ៏សំខាន់សំរាប់ក្រុមគ្រួសាររស់នៅជនបទដែលមានសាច់ញាតិទៅធ្វើការនៅបរទេសដើម្បីទទួលបានប្រាក់ខែខ្ពស់។ដោយសារតម្លៃសេវាថ្លៃរួមទាំងសេវាហិរញ្ញវត្ថុនៅតាមជនបទមិនទាន់មានការរីកចំរើន ដូច្នេះប្រជាជននៅតាមជនបទទាំងនោះខាតបង់ប្រាក់រាប់លានដុល្លារទៅលើវា ប៉ុន្តែរបាយការណ៍ខាងលើ មិនបានបញ្ជាក់ថាបញ្ហាទាំងនេះធ្ងន់ធ្ងរសំរាប់ប្រទេសកម្ពុជាប៉ុណ្ណាទេ។

ប្រភពៈ ព័ត៌មានរបស់កាសែតខេមបូឌាដេលីចេញផ្សាយថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ ២០១៣