ស្នាមក្រិនអាចកើតឡើងដោយងាយស្រួលបំផុត ហើយវាជាបញ្ហាមួយសម្រាប់មនុស្សគ្រប់រូបផងដែរ។ វាកើតឡើងដោយសារតែមានការប៉ះទង្គិចជាមួយវត្ថុរឹង ឬការធ្វើការងារធ្ងន់ៗ។ កាលណាប៉ះទង្គិចយូរៗទៅក៏បង្កឱ្យមានស្នាមក្រិននៅលើបាតដៃតែម្ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ស្រេង រាសី ជំនាញផ្នែកសើស្បែកនៅមជ្ឈមណ្ឌល មេហ្គាប៊ែល ដើម្បីធ្វើការបកស្រាយជូនដល់ប្រិយមិត្ដអ្នកអានឱ្យបានជ្រាបកាន់តែច្បាស់។
ស្នាមក្រិននៅលើបាតដៃជាអ្វី?
ស្នាមក្រិននៅលើបាតដៃគឺជាការឡើងក្រាស់ខ្លាំងលើសពីធម្មតានៃស្រទាប់សើលើរបស់ស្បែកបាតដៃ ដែលមានសភាពរឹង និងគ្រើមជាដុំៗ ឬអាចមានសភាពក្រាស់ស្មើផង។ ស្នាមក្រិននៅបាតដៃ គឺជាបាតុភូតការពារខ្លួនរបស់ស្បែកប្រឆាំងនឹងការប៉ះទង្គិច ឬការកកិត និងការរោលរលាកប៉ុណ្ណោះ។
មូលហេតុដែលបណ្ដាលឱ្យកើតមានស្នាមក្រិននៅលើបាតដៃ
ស្នាមក្រិនដែលមានសភាពក្រាស់់ស្មើ ដែលមាននៅលើបាតដៃ និងនៅលើបាតជើងផងដែរ គឺជាសញ្ញារបស់ជម្ងឺតំណពូជ ម្យ៉ាង និងមួយទៀតគឺបណ្ដាលមកពីការរលាកស្បែកបាតដៃរ៉ាំរ៉ៃ ដោយសារធាតុអាលែកហ្ស៊ី ឬសារធាតុរោលបាតដៃឡើងក្រិន និងមានសភាពស្ងួតប្រេះ។ វាអាចបណ្ដាលមកពីការប៉ះពាល់ជាមួយសារធាតុរោល ឬអាឡែកហ្ស៊ីរ៉ាំរ៉ៃ។ មូលហេតុញឹកញាប់ដែលធ្វីឱ្យមានស្នាមក្រិននៅបាតដៃនេះគឺបណ្ដាលមកពីមានការប៉ះទង្គិច ឬការកកិតរ៉ាំរ៉ៃរវាងបាតដៃជាមួយនឹងវត្ថុផ្សេងៗ ឧទាហរណ៍ ដូចជាការធ្វើការងារដែលប្រើដៃច្រើន ឬការបើកបរម៉ូតូដោយមិនមានពាក់ស្រោមដៃជាដើម។
ផលប៉ះពាល់ក្រោយពេលមានស្នាមក្រិននៅលើបាតដៃ
ស្នាមក្រិននៅបាតដៃមិនមែនជាជម្ងឺ ឬធ្វើឱ្យមានប៉ះពាល់ដល់សុខភាពរាងកាយនោះទេ។ ប៉ុន្ដែវាអាចមានផលរំខានខ្លះ ដូចជាការទើសទែងមិនស្រស់ស្អាត និងពេលខ្លះវាមានការឈឺចាប់ខ្លះដែរ ដោយសារការប៉ះ ឬស្ទាបនៅត្រង់កន្លែងដែលក្រិននោះ។ ចំពោះអ្នកដែលមានជម្ងឺទឹកនោមផ្អែម ជម្ងឺខ្សោយបេះដូង កន្លែងស្នាមក្រិន ងាយវិវឌ្ឍន៍ទៅជាដំបៅ។
វិធីការពារកុំឱ្យកើតមានស្នាមក្រិននៅលើបាតដៃ
វិធីការពារកុំឱ្យមានស្នាមក្រិននៅលើបាតដៃគឺងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែការពារដៃរបស់លោកអ្នកកុំឱ្យប៉ះទង្គិច ឬកកិតញឹកញាប់ពេកជាមួយទៅនឹងវត្ថុផ្សេងៗ។ ចៀសវាងធ្វើការងារណាធ្ងន់ៗដោយប្រើដៃផ្ទាល់ លោកអ្នកគួរតែពាក់ស្រោមដៃការពារ ឬអ្វីផ្សេងៗដែលអាចជួយកាត់បន្ថយការប៉ះទង្គិច ឬការកកិតលើបាតដៃ នៅរាល់ពេលដែលលោកអ្នកធ្វើការងារផ្សេងៗដោយប្រើដៃ។ លោកអ្នកអាចប្រើប្រាស់ក្រែមផ្ដល់សំណើមបាតដៃ បើវាស្ងួតខ្លាំង។
វិធីព្យាបាលដើម្បីបំបាត់ស្នាមក្រិននៅលើបាតដៃ
ដើម្បីបំបាត់ស្នាមក្រិននៅលើបាតដៃ ដំបូងត្រូវរកមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យមានស្នាមក្រិន។ ព្យាយាមកែទម្លាប់ផ្សេងៗ ដែលបណ្ដាលឱ្យមានការប៉ះទង្គិច ឬកកិតដល់បាតដៃ និងលោកអ្នកគួរពាក់ស្រោមដៃទន់ ឬអ្វីផ្សេងទៀតដើម្បីការពារបាតដៃ រាល់ពេលធ្វើការដោយប្រើដៃ។ បើធ្វើបានស្នាមក្រិននឹងបាត់ដោយឯងៗ គ្រាន់តែត្រូវការពេលវេលាយូរ។ លោកអ្នកអាចខាត់វាចេញ ដោយប្រើប្រាស់ថ្មសំលៀង បន្ទាប់មកប្រើនូវផលិតផលផ្ដល់សំណើមមកលាបលើស្បែកដែលក្រិននោះ ដើម្បីឱ្យស្បែកមានសំណើម បានគ្រប់គ្រាន់ និងកុំឱ្យរបួសស្បែក។ លោកអ្នកអាចប្រើក្រែមជម្រុះកោសិកា ដូចជា Urea cream, AHA, Salysilic Acid ជាដើម។ ប៉ុន្ដែប្រសិនជាស្បែកដៃរបស់លោកអ្នកមានស្នាមក្រិនច្រើន លោកអ្នកគួរតែទៅរកអ្នកជំនាញផ្នែកសើស្បែក ដើម្បីពិភាក្សា និងធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ។
ដំបូន្មានអ្នកប្រឹក្សា
ស្នាមក្រិននៅលើបាតដៃមិនមែនជាជម្ងឺដែលចាំបាច់ត្រូវតែធ្វើការព្យាបាលទេ ប៉ុន្ដែវាជាប្រតិកម្មការពារខ្លួនរបស់ស្បែក។ ដូច្នេះបើលោកអ្នកចេះតែចង់បំបាត់វាដោយមិនព្រមចៀសវាងនូវមូលហេតុដែលនាំឱ្យមានស្នាមក្រិននោះ វាបែរជាធ្វើឱ្យស្បែកបាតដៃ រងរបួស និងមានបញ្ហាទៅវិញទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១
