បច្ចុប្បន្ននេះកូនអកតញ្ញូរមែងកើតមានឡើងជាញឹកញាប់នៅក្នុងសង្គមជាតិខ្មែរ ហើយបញ្ហាទាំងអស់នេះឧស្សាហ៍កើតមានឡើងស្ទើរជារៀងរាល់ថ្ងៃ ជាក់ស្ដែងដូចជានៅក្នុងទំព័រកាសែត ទូរទស្សន៍ ទស្សនាវដ្ដី វិទ្យុជាដើម។ ដោយកូនអកតញ្ញូទាំងនេះ បង្កតែទុកលំបាកដល់មាតាបិតាគ្រប់ជំហាន និងបណ្ដាលឱ្យមាតាបិតាអាប់មុខអាប់មាត់(កិត្ដិយស)ដោយសារតែកូន។
រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយព្រះភិក្ខុ ហ៊ុំ សុទ្ធា ព្រះគ្រូសូត្រឆ្វេងនៅវត្ដសំពៅមាស ព្រះតេជគុណនឹងធ្វើការបកស្រាយរាល់អំពីទុក្ខវេទនារបស់មាតាដែលចិញ្ចឹមកូនអកតញ្ញូ ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាបកាន់តែច្បាស់អំពីបញ្ហានេះ។
កូនអកតញ្ញូ?
កូនអកតញ្ញូជាកូនដែលធ្វើឱ្យមាតាបិតាពិបាកគ្រប់ជំហាន ជាកូនមិនស្គាល់គុណមិនស្គាល់នូវអំពើល្អរបស់មាតាបិតា និងអាណាព្យាបាលឡើយ ទោះបីជាខិតខំចិញ្ចឹមថែរក្សាអប់រំតាំងពីតូចក្រូចឆ្មាររហូតដល់ធំពេញវ័យក៏ដោយ។
ផលវិបាករបស់មាតាបិតាដែលចិញ្ចឹមកូនអកតញ្ញូ
ពាក្យថាផលលំបាកចែកចេញជាពីរគឺលំបាកកាយ និងលំបាកចិត្ដ។ លំបាកកាយមានន័យថាមាតាបិតាគ្រប់រូបខិតខំប្រឹងប្រែងរកស៊ីដោយសេចក្ដីលំបាកវេទនា គឺដើម្បីឱ្យកូនរបស់ខ្លួនខិតខំប្រឹងប្រែងរៀនសូត្រ និងស្គាល់ពីតម្លៃសង្គម ប៉ុន្ដែកូនបែរជាប្រព្រឹត្ដអំពើផ្សេងៗដែលខុសពីឧត្ដមគតិរបស់មាតាបិតា។ រីឯលំបាកចិត្ដមានន័យថានៅពេលដែលកូនមិនបានធ្វើអ្វីក៏មាតាបិតាមាន ការលំបាកនៅក្នុងចិត្ដ និងមានការព្រួយបារម្ភពីកូន ព្រោះកូនធ្លាប់ធ្វើខុសពីឧត្ដមគតិរបស់មាតាបិតា ហើយធ្លាប់ធ្វើខុសពីក្រមសីលធម៌របស់សង្គមទៀត ដែលបណ្ដាលឱ្យមាតាបិតាមានការព្រួយបារម្ភទៅលើសុវត្ថិភាពរបស់កូន ខ្លាចទៅបង្កទំនាស់ជាមួយអ្នកដទៃអាចទៅប្រើប្រាស់គ្រឿងញៀន។
សរុបសេចក្ដីមក លំបាកកាយ និងលំបាកចិត្ដបានន័យថា ប្រសិនបើកូនទាំងអស់នោះធ្វើខុសពីឧត្ដមគតិរបស់មាតាបិតា ធ្វើឱ្យមាតាបិតាមានការព្រួយបារម្ភខ្វល់ខ្វាយទៅលើសុវត្ថិភាពរបស់កូន។ ហេតុដូច្នេះហើយទើបធ្វើឱ្យមាតាបិតាមានការពិបាកផ្លូវកាយ និងចិត្ដ អាចបង្កឱ្យមានបញ្ហាផ្សេងៗនឹងកើតមានឡើង។
តើកូនមួយណាប្រសើរជាងកូនមួយណា?
នៅក្នុងសៀវភៅ ស្រីហិតោបទេសភាគ១ បានដំណាលពីកូនលំបាកបីជំពូក ៖
- កូនទីមួយមិនទាន់កើត(កូននៅក្នុងផ្ទៃរបស់មាតានៅឡើយ)
- កូនទីពីរកើតមកហើយស្លាប់ទៅវិញ
- កូនទីបីកើតមកហើយមិនស្លាប់ទេ ប៉ុន្ដែល្ងង់(មិនស្គាល់គុណ មិនស្គាល់បុណ្យ មិនស្គាល់បាប មិនចេះសិល្ប៍សាស្ដ្រកើតជាមនុស្សបង្គ្រប់តែជាតិ)។
កូនទាំងពីរខាងដើម កូនទីមួយ និងកូនទីពីរប្រសើរជាងកូនទីបី ដែលកើតមកហើយល្ងង់។ ដោយសម្អាងថាកូនដែលមិនទាន់កើតមក ពោលគឺនៅក្នុងផ្ទៃរបស់មាតាគ្រាន់តែធ្វើឱ្យមាតារងទុក្ខតែរយៈពេលប្រាំបួនខែទៅដប់ខែប៉ុណ្ណោះ។ ចំណែកឯកូនដែលកើតមកហើយស្លាប់ទៅវិញ ធ្វើឱ្យមាតាបិតារងទុក្ខយំស្ដាយស្រណោះតែមួយរយៈក៏រំសាយទៅវិញក្នុងរយៈពេលខ្លីទេ។ ចំពោះកូនទីបី ដែលកើតមកហើយរស់រានមានជីវិត ប៉ុន្ដែល្ងង់មានន័យថាបំពេញទុក្ខមាតាបិតាគ្រប់ជំហានទាំងអស់។
បណ្ដាំផ្ញើរបស់ព្រះភិក្ខុ ហ៊ុំ សុទ្ធា
សង្គមខ្មែរនាពេលបច្ចុប្បន្ននេះ កូនអកតញ្ញូភាគច្រើនបណ្ដាលមកពីកត្ដាសង្គម ដោយអរិយធម៌វប្បធម៌របស់បរទេសបានជ្រាបចូលក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ ដែលជំរុញឱ្យកូនមួយចំនួនក្លាយទៅជាកូនអកតញ្ញូ។ ក្នុងនាមយើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ ជាកូនខ្មែរ មិនត្រូវធ្វើជាកូនអកតញ្ញូទេ គប្បីត្រូវដឹងនូវអ្វីជាគុណ ទើបជាការប្រសើរ។ ក្នុងនាមជាកូនមិន ត្រូវធ្វើឱ្យមាតាបិតាពិបាកទាំងផ្លុវកាយនិងចិត្ដទេ ហើយត្រូវខិតខំរក្សានូវអ្វីដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរសព្វបែបយ៉ាង ដែលបុព្វបុរសដូនតាបានបន្សល់ទុក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១